Breaking News
Loading...

Recent Post

Thursday, September 8, 2016

ប្រវត្តិនៃឈ្មោះស្ទឹងសង្កែ! ដែលបានផ្តល់ភាពល្បាញល្បីសម្រាប់ខេត្តបាត់ដំបង!

អស់លោកមិត្តអ្នកអាន​ ប្រាកដជាបានដឹងយ៉ាងជាក់ច្បាស់ពីភាពល្បាញល្បីនៃសម្រស់របស់ដងស្ទឹងសង្កែតាមរយះស្លាបប៉ាកា ទឹកខ្មៅរបស់កវីម្ចាស់ស្ទឹងគង់ ប៊ុនឈឿន ក្រោមសំនៀងដ៏ក្រអួនក្រអៅរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុុត។ ដងស្ទឹងដ៏ល្បីល្បាញនេះស្ថិតនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជាយើង គឺស្ថិតក្នុងទឹកដីនៃខេត្តបាត់ដំបងផ្ទាល់តែម្តង ។ តែទន្ទឹមនឹងភាពល្បីល្បាញនេះ ក៏ប្រវត្តិនៃឈ្មោះរបស់ស្ទឹងមិនទាន់ជ្រួលជ្រាបទូលំទូលាយនៅក្នុងស្រទាប់ប្រជាជនយើងនៅឡើយ។ ដូចនេះតើស្ទឹងដែលបានផ្តល់ភាពល្បីល្បាញដល់ខេត្តបាត់ដំបងមួយនេះ មានមូលហេតុដូចម្តេចបានជាប្រសិទ្ធិនាមថា​ "ស្ទឹងសង្កែ"។ ដើម្បីបកស្រាយចម្ងល់ពីប្រវត្តិ ក៏ជារឿងរ៉ាយទាក់ទងទៅនឹងប្រវត្តិនៃឈ្មោះរបស់ស្ទឹង យើងខ្ញុំសូមជម្រាបជូនដូចតទៅ៖ ប្រវត្តិស្ទឹងសង្កែ ៖
ស្ទឹង សង្កែ ជាស្ទឹងដ៏សំខាន់ហូរកាត់ ទីប្រជុំជនបាត់ដំបង។ ស្ទឹងនេះ មានប្រភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅត្រង់តំបន់ ប៉ៃលិន ដែលគេហៅថា ស្រុកលើ មានស្ទឹងអូរតូចៗ ជាច្រើនហូរចាក់មក ដូចជា អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹងកំពង់គល់ ។ល។ កាលដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺ អូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹង អូរដំបងនេះ ដើម្បី អោយទឹកហូរ មកតែមួយផ្លូវ តាមស្ទឹងដដែលដែលហូរកាត់ ទីប្រជុំជនបាត់ដំបង។
តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ មកនិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូច មួយមានទទឹងប្រហែល ៤ទៅ៥ម៉ែត្រ ត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង។ គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថា គុម្ពសង្កែ ៗ។ តមកគេបានសាង វត្តនេះឡើងហៅថា វត្តសង្កែ ។ ឯតួស្ទឹងធំសំរាប់បាត់ដំបង គឺស្ទឹងនៅត្រង់ ភូមិអូរដំបង សព្វថ្ងៃនេះបានជានៅខាងចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់ ។
ក្នុងឱកាសដែលទប់ស្ទឹងនេះ គេធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនគ្រា។ ទើបពេលក្រោយ គេយកទូកថ្វែ ធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។ មានចាស់ៗភាគច្រើន ដែលបានចាំរឿងរ៉ាវនិយាយតៗគ្នាមកថា គេធ្វើពិធីបួងសួង ដោយសំលាប់ស្ត្រី មានគភ៌ម្នាក់ បួជាវត្ថុសក្តិសិទ្ធិ ដែលរក្សាទំនប់នេះផង។ ត្រង់នេះហៅថា ព្រែកពណ្ណរាយ ។
មានចាស់ទុំមួយពួកទៀត បាននិយាយថា គេបានធ្វើកូនសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធរា ព្រះហស្ថ ១អង្គ ព្រះពុទ្ធប្រក់នាគ ១អង្គ និងព្រះនរាយណ៏ ១អង្គ នៅក្បែរទំនប់នោះ។ តាំងពីថ្ងៃនោះមក ទំនប់ក៏លែងបាក់ ទឹកស្ទឹងក៏ហូរតាមស្ទឹងបាត់ដំបង កាន់តែរីកធំឡើងៗ។ ស្ទឹងដែលហូរតាមអូរដំបងក៏កាន់តែរាក់តូចទៅៗ បន្តិចម្តងៗ។ នេះបើតាមឯកសាររបស់ ព្រះគ្រូ សិរីសត្ថា កែវសាង អនុគណៈ ស្រុកបាត់ដំបង បានពណ៌នា។ តាមឯកសារ បានសន្និដ្ឋានបានថា ទំនប់នេះ ប្រហែលជាសាងសង់មុន ឆ្នាំ ១៧៩៥ទៅទៀត។
(ដកស្រង់ចេញពីសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ ) ដោយត្នោតខ្មែរ

0 comments :

Post a Comment

Back To Top