Breaking News
Loading...

Recent Post

Monday, September 19, 2016

ប្រភពនិង អត្ថន័យ របស់ពាក្យ កម្ពុជា!

 



កម្មវត្ថុនៃអត្ថបទនេះ គឺដើម្បីបង្ហាញ អំពីប្រវត្តិ និង សារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាផ្នែករូបារម្មណ៍របស់ពាក្យកម្ពុជាដែល បុព្វការីខ្មែរបានបង្កើតឡើងដោយសិល្ប៍វិធី ដោយពឹងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីតាំងឈ្មោះនៃទឹកដីកំណើតរបស់ជាតិសាសន៍ខ្លួន តាំងពីអតីតកាលមួយដ៏យូរលង់ ។

ដើម្បីបំភ្លឺដោយត្រួសៗ នូវប្រភពនៃពាក្យ កម្ពុជ ឬ កម្ពុជា ហើយដើម្បីកំណត់បរិវេណនៃការសិក្សា យើងត្រូវជ្រើសរើស យកតែសិលាចារឹកសំខាន់ៗ មកពិនិត្យប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើងក៏ធ្វើការវិភាគថ្មីមួយ ដោយពឹងផ្អែក លើការបកស្រាយមួយចំនួន ធ្លាប់មានពីមុនមក ដើម្បីផ្តល់នូវពន្លឺថ្មី ជុំវិញប្រធានបទខាងលើ ។
ជាបឋម ត្រូវជ្រាបថា ក្នុងភាសាខ្មែរនាសម័យបុរេអង្គរ និងអង្គរ មានចម្លាស់ស័ព្ទ “វ” និង “ព” ។ ដូច្នេះពាក្យ កម្ពុ, កម្ពុជ, កម្ពុជា សព្វថ្ងៃនេះ ក្នុងសិលាចារឹក សរសេរ កម្វុ ឬ កម្វុជ ទៅវិញ ។ ចំពោះពាក្យ ទេស វិញ វាក៏ជាពាក្យសំស្ក្រឹតដែរ មានន័យថា ប្រទេស, នគរ ឬអាណាចក្រ ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានមូលហេតុដែលអាចឲ្យយើងកំណត់បានច្បាស់លាស់ថា ប្រជាជនខ្មែរដើម្បីហៅទឹកដីស្រុកកំណើតរបស់ខ្លួន ជួនកាល ប្រើពាក្យប្រទេស, នគរ,ចក្រភពខ្មែរ ដោយជួនកាលទៀតក៏ប្រើពាក្យស្រុក, ក្រុង, ទឹកដី ឬដែនដី ដែលជាស័ព្ទមនខ្មែរ ស្របនឹងន័យក្នុងភាសាសំស្ក្រឹតដែរ ។ ឧទាហរណ៍ ពាក្យប្រទេសខ្មែរ ក៏មានន័យដូចគ្នានឹងពាក្យ ស្រុកខ្មែរដែរ ។

១.ប្រភពសិលាចារឹក
យើងត្រូវទទួលស្គាល់ថាគេបានដឹងជាហូរហែរច្រើនណាស់មកហើយ ពីប្រភពនៃពាក្យកម្វុ (កម្ពុ)។ តាមពិតទៅពាក្យ នេះត្រូវបានសិក្សាវិភាគមុនគេដំបូងបង្អស់ដោយ លោកហ្សកសែដេស ក្នុងអត្ថបទមួយ ដ៏ល្បីល្បាញ ស្តីពី ប្រភពនៃព្រះរាជ្យវង្សានុវង្ស សម័យអង្គរ ។ លោកបានទទួលស្គាល់ថា ពាក្យ កម្វុនេះជាពាក្យសំស្ក្រឹត មានន័យថា ខ្យងស័ង្ខ សមុទ្រ ដែលជាកេតនភ័ណ្ឌ របស់ព្រះវិស្ណុ ។ មួយវិញទៀតពាក្យនេះ ក៏ជាឈ្មោះរបស់ មហាឥសីដែលបានបង្កើត ទឹកដី និង ប្រវត្តិសាស្ត្រកម្ពុជាដែរ បើយោងតាមខ្លឹមសារ នៃសិលាចារឹកប្រាសាទបក្សី ចាំក្រុងចារនៅឆ្នាំ ៩៤៧ ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់បន្ថែមថា ពាក្យខ្មែរ ត្រូវបានកើតដោយការរួមផ្សំគ្នា រវាងពាក្យ កម្វុ ដែលជាព្រះស្វាមី និង មេរា ព្រះមហេសី ផងដែរ ដែលជាអំណោយដ៏ពិសិដ្ឋរបស់ព្រះវិស្ណុ ។
នេះជាហេតុផលធ្វើឲ្យយើងដឹងថា បន្តិចម្តងៗ ឈ្មោះរបស់បព្វជិតតាមហាឥសីកម្វុនេះ បានក្លាយទៅជាឈ្មោះរបស់ប្រទេសខ្មែរគឺ កម្វុទេស ដែលត្រូវគេស្គាល់ជាផ្លូវការ តាមរយៈសិលាចារឹក K400 មានកាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅ បអ៊ីកា ក្នុងខេត្តនគររាជសិមា ប្រទេសថៃបច្ចុប្បន្ន។ ការដាក់ឈ្មោះកម្វុទេស បែបនេះ នាសម័យចេនឡា ឬជួនកាលទៀតកម្វុជទេស ដូចករណីសិលាចារឹកនាសម័យអង្គរ ចារនៅវត្តសំរោង ស្រុកបាភ្នំ, ខេត្ត តាកែវ ក៏ដើម្បីរំលឹកដល់ប្រវត្តិនៃការកកើត នៃប្រទេសខ្មែរដែរ ពោលគឺការរួមសង្វាសរវាងសមាសធាតុឥណ្ឌាតំណាងដោយតាមហាឥសី កម្វុ(កម្ពុ) និងខ្មែរ តំណាងដោយព្រះនាងមេរា ឬនាងនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី ។
មានន័យថា ទឹកដីខ្មែរ គឺជាទឹកដីដែលត្រូវបានបង្កើតឡើងដោយព្រះហស្ថរបស់តាមហាឥសី កម្វុ(កម្ពុ) និងព្រះនាងមេរា ដើម្បីទុកជាកេរ្តិ៍ដល់ កុលបុត្រ កុលធីតា ខ្មែរដែលជាកូនចៅ។ ម្ល៉ោះហើយបានជាមានការប្រើពាក្យខ្មែរជាទេវនាម ជាលើកដំបូងបង្អស់ នៅក្នុងសិលាចារឹក K.227 ក្នុងន័យជាកូនចៅរបស់ មហាឥសីកម្ពុ និងព្រះនាងមេរា ដែលបានក្លាយជា ស្ថាននាម យ៉ាងប្រាកដ ។
បើតាមការស្រាវជ្រាវ យើងក៏ដឹងទៀតថា ពាក្យចក្រភពកម្វុជទេស (ប្រទេសខ្មែរដែលជាចក្រភព ឬ មហាប្រទេស) ទើបតែត្រូវបាននិយម ប្រើប្រាស់នៅក្នុងរាជ្យរបស់ស្តេច ព្រះបាទជ័យវរ្ម័នទី២ ( ៨០២-៨៥០គ.ស) ដែលជាស្តេចចក្រវាទិន ។ កុំភ្លេចថា ស្តេចដ៏ខ្លាំងពូកែអង្គនេះ បានផ្តើម ការបង្រួបបង្រួមដែនដី ចេនឡានទឹក នឹង ចេនឡាគោក
ឲ្យក្លាយជាធ្លុង ឬជាទឹកដីតែមួយ។

២.បដិមាសាស្ត្រ
ស្របនឹងទិន្នន័យ សិលាចារឹកនេះដែរ ដែលបានបញ្ជាក់ន័យនៃពាក្យកម្ពុជា យ៉ាងច្បស់លាស់ នៅមានកត្តាផ្សេងៗ មួយចំនួន ក្នុងនោះរួមមានជំនឿរបស់ប្រជាជនខ្មែរ នាសម័យនគរភ្នំ ក្នុងអម្លុងស.តទី៦ នៃគ.សផងដែរ ។
ខ្លឹមសារនៃសិលាចារឹក ពីសម័យបុរេអង្គរ ដល់សម័យអង្គរ គឺជាភស្តុតាង យ៉ាងសំខាន់ពាក់ព័ន្ធ ទៅនឹងការប្រើពាក្យ កម្វុជ ដើម្បីហៅប្រទេសខ្មែរក្នុងន័យដែលថាប្រទេសបង្កើតឡើង ដោយមហាឥសី កម្វុ ឬជាប្រទេសរបស់ពួកកម្វុ ។ ដូចនេះ យើងអាចនិយាយបានថា ពាក្យកម្វុជាក្នុងសង្គមបុរាណ ជាពាក្យមួយបង្កប់ទៅដោយអត្ថន័យដ៏ពិសិដ្ឋ ដោយហេតុថា ជាទឹកដី របស់មហាឥសីដ៏មាន មហិទ្ធិឫទ្ធិអស្ចារ្យ ។ ជាឧទាហរណ៍ ក្នុងសិលាចារឹក ស្តុកកក់ធំចារនៅឆ្នាំ ១០៥២នៃ គ.ស (K.935) នៅខេត្តស្រះកែវ ក្នុងប្រទេសថៃបច្ចុប្បន្ន តែជាអតីតទឹកដីខ្មែរពីមុនគេឃើញមានការប្រើពាក្យព្រះកម្វុជទេស ។
អាស្រ័យហេតុនេះហើយ បានជាយើងអាចនិយាយបានថា ជាប្រពៃណី រាល់ជនជាតិសុទ្ធសឹងតែដាក់ឈ្មោះ ទឹកដី ស្រុកភូមិកំណើត ឬប្រទេស ដែលបានឲ្យកំណើតឲ្យខ្លួន យ៉ាងណាមិញ ជនជាតិខ្មែរក្នុងអតីតកាលក៏ដូច្នោះដែរ ។ ដូច្នេះការដាក់ឈ្មោះប្រទេស របស់ខ្លួនមានសារៈសំខាន់ណាស់សម្រាប់ជាតិនីមួយៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដាក់ឈ្មោះ កម្វុជទេស ឬ ប្រទេសកម្ពុជាខាងលើនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ គួរឲ្យយើងយកមកវិភាគ ស៊ីជម្រៅ ។
នៅទីនេះ យើងចង់និយាយថា ការដាក់ឈ្មោះ កម្វុជា ទំនងជាជំនួសឈ្មោះគោកធ្លក ដែលត្រូវបានអនុម័តឡើងនាសម័យ នគរភ្នំ និង ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍ ដ៏ជាក់ច្បាស់ ដោយសមហេតុផល ជាទីបំផុត ។ ដើម្បីជាភស្តុតាង ជាក់ស្តែង សូមពិនិត្យពាក្យ ហរិកម្វុជេន្ទ្រៈ ដែលជាឈ្មោះព្រះអាទិទេពចម្បងសំខាន់ជាងគេបំផុត នៅលើប្រាសាទភ្នំដា នាសម័យនគរភ្នំ ដែលជាប្រាសាទរាជនៃព្រះរាជធានីអង្គរបុរី ឬវ្យាធបុរៈក្នុងខេត្តតាកែវ បច្ចុប្បន្ន។
សូមរំលឹកថា ក្នុងចំណោមចម្លាក់ទេវរូបហរិកម្វុជជេន្ទ្រៈ ដែលតំណាងព្រះវិស្ណុទៅក្នុងសម័យបុរាណ ចម្លាក់នៅប្រាសាទខាងលើមានទំហំធំជាងគេបំផុត ដោយមានកំពស់ទៅដល់ ២,៩០ ម៉ែត្រ ដែលសព្វថ្ងៃតំកល់ទុកនៅសារមន្ទីរជាតិភ្នំពេញ ។ ការស្ថាបនា នូវចម្លាក់ថ្ម ដ៏សម្បើមនេះ ដែលក្នុងប្រវត្តិសាស្ត្រខ្មែរ គេមិនធ្លាប់ជួបប្រទះនោះ អាចនឹងធ្វើឡើងទៅបាន លុះត្រាតែមានជាងជំណានៗ ដ៏ច្រើន និងមានភាពស្ទាត់ជំនាញ ទាំងបច្ចេកទេស ទាំងបញ្ញាញាណ ។
ជុំវិញចម្លាក់ព្រះវិស្ណុកម្វុជេន្ទ្រៈ ដូចលោកសាស្ត្រចារ្យ ឡុង សៀមដែរ យើងមានយោបល់ថា ពាក្យនេះ គឺជាពាក្យតំណាងឲ្យទេវនាមនិង ស្ថាននាម។ ឧទាហរណ៍ជាក់ស្តែង តាមសិលាចារឹក K.272 នាសម័យបុរេអង្គរ យើងអាចយល់អំពីបំណង និង អត្ថន័យ ដែលខ្មែរពេញនិយម ចំពោះពាក្យកម្វុរាជលក្ម្សី និងពាក្យកម្វុបុរី ឬទីក្រុងកម្វុក្នុងសិលាចារឹកនាសម័យ អង្គរ K.283 ។
ការបង្ហាញនេះ ថ្វីត្បិតតែមានសភាពជាសេចក្តីខ្លី ក៏ប៉ុន្តែយើងក៏មិនត្រូវមើលរំលងនូវអត្តន័យស៊ីជម្រៅនៃពាក្យទាំងនោះដែរ ។ ចំពោះយើងៗមានយោបល់ថា ការយកឈ្មោះទេវមកភ្ជាប់នឹងស្ថាននាមគឺប្រទេស (កម្វុជ) បែបនេះ គឺធ្វើឡើងដើម្បីបង្ហាញភាពដ៏រឹងមាំ ឬភាពអមតៈនៃប្រទេសកម្ពុជា មានន័យថាដរាបណាព្រះបដិមានេះដែលជាព្រះអាទិ ទេព នៃព្រះរាជាណាចក្រកម្ពុជា នៅគង់វង្សស្ថិតស្ថេរដរាបនោះ ប្រទេសខ្មែរក៏នៅស្ថិតស្ថេរដដែល ដែរ ។
ជាការពិតណាស់ សម្រាប់សាសនិកជនខ្មែរ នាជំនាន់នោះ ការហៅ ពាក្យវិស្ណុកម្វុជជេន្ទ្រៈនេះ ដែលកវីបណ្ឌិតបានបង្កើតដោយគោលការណ៍និយម យ៉ាងច្បាស់លាស់ នាសម័យបុរេអង្គរ បានបង្កប់នូវរូបារម្មណ៍ដ៏ជ្រាលជ្រៅ និងដ៏ឧត្តុង្គឧត្តមបំផុត ។ ក្រៅពីអំណាចពិសិដ្ឋ អំណាចសីលធម៌ និងគុណធម៌ឥតត្រើយត្រាន ព្រះវិស្ណុកម្វុជជេន្ទ្រៈ ក៏បំពេញ ក្នុងអតីតនូវតួនាទី ជាអត្ថិភាពមួយទៀត គឺការផ្សៈផ្សាបង្រួបបង្រួមជាតិតាមរយៈជំនឿ ។
គោលបំណង ចម្បងគឺ ក៏ដើម្បីធ្វើឲ្យឈ្មោះនេះ ប្រកបដោយភាពខ្ទ័រខ្ទា ទូទាំងចក្រភពខ្មែរ ដោយធ្វើឲ្យគេគោរពកោតខ្លាច រំភើបញាប់ញ័រ កាលបើស្តាប់ឬ ឮពាក្យនេះ ។ មានន័យថាសត្រូវមិនហ៊ានបៀតបៀន ឬមើលងាយជាតិសាសន៍ខ្មែរ ដែលប្រកបដោយគុណសម្បត្តិទាំងប៉ុន្មានដូចពោលខាងលើបានឡើយ ។
ប្រសិនបើយើងរស់នៅក្នុងរង្វង់សហគមន៍មនុស្សនាជំនាន់នោះ យើងពិតជាមានអារម្មណ៍ដូច្នេះពុំខាន ដោយរកឃើញថា សង្គមវប្បធម៌តម្រូវឲ្យមានជំនឿបែបនេះ ។ ទាំងនេះ មិនគ្រាន់តែបានធ្វើឲ្យកូនកម្ពុជា ឬខ្មែរគ្រប់រូបមានទឹកចិត្តជ្រះថ្លា មានសីលធម៌ និង គុណសម្បត្តិខ្ពស់ ដោយមាន ជំនឿទុកចិត្តលើខ្លួនឯង និងលើជាតិឯង ក្នុងនាមជាកម្ពុជា ឬជាខ្មែរតែប៉ុណ្ណោះទេ លើសពីនេះទៀត ភាពសាមគ្គីរវាងគ្នានឹងគ្នា ដោយសារតែចំណងជំនឿប្រពៃណី បានចងជាប់ពួកគេឲ្យរួមរស់ជាធ្លុងមួយ ។ នេះជានិមិត្តរូបមួយយ៉ាងសំខាន់ ដែលការគោរពបូជាព្រះវិស្ណុលើកំពូលភ្នំដា បានផ្តល់ឲ្យក្នុងអតីតកាលដ៏យូរលង់ ។ បើនិយាយម្យ៉ាងទៀត វត្តមានរបស់ចម្លាក់នេះ គឺជានិមិត្តរូបនៃការប្រមូលផ្តុំកម្លាំងរបស់ជាតិខ្មែរទាំងមូល តាមរយៈ ជំនឿសាសនា ។
ម្យ៉ាងទៀត ឆន្ទៈនេះក៏អាចគូសបញ្ជាក់ ដូចទើបពោល តាមរយៈនៃទំហំនៃព្រះបដិមាបុរាណនេះ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរឡើយ ។ កុំភ្លេចថាអត្ថន័យនៃការគោរពបូជា គឺជាចលនាបួងសួងឲ្យប្រទេសជាតិ ឬ មនុស្សខ្មែរគ្រប់រូបបានតែសេចក្តីសុខ សេចក្តីរុងរឿង ថ្កើនថ្កាន។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ធ្វើឲ្យមានសាមគ្គីភាព រវាងប្រជានុរាស្ត្រ និង ប្រមុខដឹកនាំជាតិ គឺ ព្រះមហាក្សត្រ និងសព្វនាម៉ឺន មន្ត្រី ដែលជាមេស្ថាប័ន ឬជាអ្នកដឹកនាំជាតិ ។
បើនិយាយម្យ៉ាងទៀត ព្រះវិស្ណុកម្វុជជេន្ទ្រៈ បានបំពេញ តួនាទីមួយយ៉ាងសំខាន់ គឺការពង្រឹងពង្រីកស្ថាប័នអំណាចរបស់ព្រះមហាក្សត្ររាជេន្ទ្រវរ្ម័ន តាមរយៈរូបចម្លាក់ដែលមានព្រះនាមរបស់ទ្រង់គឺ វិស្ណុកម្វុជជេន្ទ្រៈ ។
ខាងលើនេះក៏ជាឧបករណ៍ មួយដ៏កម្រ បង្ហាញនូវទេពកោសល្យ និងបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ក្នុងការបង្កើតពាក្យមួយដែលមិនគ្រាន់តែតំណាងឲ្យប្រទេសតែប៉ុណ្ណោះ ក៏ប៉ុន្តែតំណាងឲ្យព្រះអាទិទេពក៏មានមហិទ្ធិរិទ្ធិ ព្រមទាំងព្រះមហា ក្សត្រគ្រប់គ្រងអំណាចផងដែរ ។
រួមសេចក្តីមក ព្រះវិស្ណុកម្វុជជេន្ទ្រៈ ខាងលើគូសបញ្ជាក់ឲ្យយើងឃើញនូវលក្ខណៈ ពិសិដ្ឋ ដ៏ឧត្តុង្គឧត្តម និងសក្កា នុពល នៃកម្លាំង ពិសិដ្ឋ ស័ក្តិសិទ្ធិ របស់ប្រទេសខ្មែរ ដែលជាទឹកដីរបស់ព្រះ (មហាឥសីកម្ពុជ និងនាងមេរា) ។ កុំភ្លេចថាពាក្យកម្វុជជេន្ទ្រៈ ពិតជាបង្ហាញពីការបង្រួបបង្រួមជាតិខ្មែរ យើងវិញជុំវិញ ព្រះអាទិទេព នៃព្រះរាជាណាចក្រកម្ពុជា ក្រោម រូបភាព នៃព្រះវិស្ណុ ដែលគេតម្កល់នៅក្នុងប្រាសាទឥដ្ឋភ្នំដាក្នុងអម្លុង ស.តទី ៦ នៃគ.ស ។
តាមការស្រាវជ្រាវថ្មីៗនេះបានអោយដឹងថាតាមពិតទៅចំលាក់ព្រះវិស្ណុដែលធំ ជាងគេបំផុតនោះក៏តំណាងអោយព្រះសិវដែរ។ ដែលមានរហ្សសនាមថាវិស្វរូប ។(ម.ត្រាណេ)



រក្សាសិទ្ធិ៖
 ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top