ប្រវត្តិព្រះបរមរាជរាំងខ្មែរ "ចតុមុខមង្គលមហានគរ"
ប្រវត្តិព្រះបរមរាជរាំងខ្មែរ
"ចតុមុខមង្គលមហានគរ"៖
ព្រះបរមរាជវាំងខ្មែរកសាងបែរមុខទៅទិសខាងកើត
ទល់មុខទន្លេចតុមុខ ហើយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន
គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅក្រុងភ្នំពេញចំនួនពីរលើក
គឺលើកទី១នៅឆ្នាំ១៤៣៤ ក្នុងរាជ្យព្រះបាទពញាយ៉ាត និងលើកទី២ឆ្នាំ១៨៦៦ក្នុងរាជព្រះបាទនរោត្តម និងត្រូវរុះរើសាងសង់ជាថ្មីនៅឆ្នាំ
១៩១៣ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិរហូតមកដល់សព្វថ្ងៃដោយមានឈ្មោះថា ចតុមុខមង្គលមហានគរ។
ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែងសរុប ១៧៧២ ម៉ែត្រ។ កំពែងខាងកើតប្រវែង៤២១ម៉ែត្រ និងកំពែងខាងលិចប្រវែង៤៣៥ម៉ែត្រ។ កំពែងខាងជើងប្រវែង៤៨៤ម៉ែត្រ និងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។
កំពែងទាំងនេះលំអទៅដោយសន្លឹកសីមានៅខាងមុខ ដែលបានកសាងឡើងនៅឆ្នាំ១៨៦៦ ដល់១៨៧០
ក្នុងរជ្ជកាលព្រះបាទនរោត្តម ។
ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន
ដែលមានខ្លោងទ្វារចេញចូលចំនួន ៥
ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនអោយចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យ
និងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចនៅខាងស្តាំទ្វារជ័យ
ឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើតដែរ
តែទ្វារខ្មោចស្ថិតនៅទិសខាងជើងទៅវិញ។
ទ្វារខ្មោចនេះត្រូវអនុញ្ញាតអោយប្រើតែពេលណាមានព្រះមហាក្សត្រចូលទិវង្គតប៉ុណ្ណោះ ដើម្បីដង្ហែព្រះសពទៅធ្វើព្រះរាជឈាបនកិច្ចនៅឯទីវាលមេរុ។
សំណង់ទាំងអស់ក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដែលរចនាឡើងដោយអ្នកឧកញ៉ា
ទេពនិមិ្មត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហាទៅតាម ក្បូរក្បាច់រចនាដោយមានកំពូលច្រើនជាន់
ប្រក់ក្បើងពណ៌មាស និងមានប្រាង្គកណ្តាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ។
ព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល
ហើយរាល់ប្រាសាទទាំងអស់នៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាបដោយពណ៌លឿងតំណាងអោយព្រះពុទ្ធសាសនានិងពណ៌សតំណាងអោយព្រហ្មញ្ញសាសនា។
ប្រាសាទទាំងឡាយដែលមាននៅក្នុងព្រះបរមរាជវាំងមាន៖
១.ប្រាសាទទេវាវិនិច្ឆ័យ : សាងសង់ក្នុងរាជព្រះបាទ
ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣ ដល់ ១៩១៧ មានបណ្តោយ ៦០ម. ទទឹង ៣០ម. និងកំពស់សរុបទាំងកំពូលស្រួច ៥៩ម. ជាព្រះទីនាំងសម្រាប់៖
• ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ
• ព្រះរាជពិធីបុណ្យទ្វារទសមាស
• ព្រះរាជសាវនាការថ្វាយសារតាំង
• ពិធីសច្ចាប្រណិធាន
• ព្រះរាជបដិសណ្ឋារកិច្ច
ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ។
២.
ព្រះមហាប្រាសាទខេមរិន្ទ : ស្ថិតនៅខាងលិចឈៀងខាងជើងប្រាសាទទេវាវិនិច្ឆ័យ
កសាងក្នុងឆ្នាំ ១៩២៧ដល់ ១៩៣០ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ។
៣. ប្រាសាទហោសំរាន្តភិរម្យ : ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ
កសាងឡើងនៅឆ្នាំ ១៩១៥ ដល់ ១៩១៧ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជាកន្លែងទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ។
៤.
ប្រាសាទច័ន្ទឆាយា : ស្ថិតនៅជាប់កំពែងខាងមុខ
ឈៀងខាងជើងព្រះបរមរាជវាំង។ កសាងនៅឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។
បច្ចុប្បន្ន ប្រាសាទនេះសម្រាប់ជាវេទិកាកិត្តិយស
ដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតិ
និងជាវេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរកថាទៅកាន់ប្រជានុរាស្ត្ររបស់ទ្រង់នៅពេលមានពិធីសំខាន់ៗ។
៥.
ប្រាសាទសំរឹទ្ធភិមាន រឺហោព្រះខ័ន : ប្រាសាទនេះស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ដែលត្រូវបានកសាងឡើងតំណាលគ្នានិងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ១៩១៥ ដល់ ១៩១៧ ។ ប្រាសាទនេះប្រើសម្រាប់តម្កល់គ្រឿងបញ្ចកកុដភណ្ឌ
ដែលរួមមាន ព្រះខ័នរាជ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវិជនី ។
៦.
ព្រះទីនាំងភោជនីយ : សាងឡើងនៅឆ្នាំ ១៩១៣ ដល់ ១៩១៧ សម្រាប់ប្រារព្ធពិធីលៀងសាយភោជន
ក្នុងពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ និងសម្រាប់ការសំដែងសិល្បៈផ្សេងៗ។
៧.វិមានស្តេចណាប៉ូឡេអុងទី៣ : វិមាននេះកសាងឡើងដោយដែកមានលម្អដោយនាឡិកាមួយដ៏ធំ សម្រាប់រាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាមព្រះអធិរាជនី អីហ្សនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ១៨៦៩ ។
៧.វិមានស្តេចណាប៉ូឡេអុងទី៣ : វិមាននេះកសាងឡើងដោយដែកមានលម្អដោយនាឡិកាមួយដ៏ធំ សម្រាប់រាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាមព្រះអធិរាជនី អីហ្សនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ១៨៦៩ ។
៨.
ព្រះរាជតំណាក់ច័ន្ទ : ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុង
កសាងឡើងនៅឆ្នាំ ១៩៥៤ ដល់ ១៩៥៩
ក្នុងរាជព្រះបាទនរោត្តមសុរាម្រឹតក្រោយការដាក់រាជ្យ៤ឆ្នាំរបស់ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ ដែលបានដាក់រាជ្យនៅថ្ងៃទី ៣ មិនា ១៩៥៥ ។
ប្រាសាទនេះចែកជាពីរជាន់គឺជាន់ទីមួយសម្រាប់ទុកគ្រឿងអលង្ការក្រុមរបាំព្រះរាជទ្រព្យ
ព្រះពស្ត្រ និងវត្ថុអនុស្សាវរីយ៍ទូត។ ឯជាន់ទី២ នៅខាងត្បូង រៀបចំជាការិយាល័យរបស់មន្ត្រីក្រសួងព្រះបរមរាជវាំង
និងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តមសីហនុ។ បច្ចុប្បន្ន ព្រះរាជតំណាក់ច័ន្ទជាមន្ទីរការិយាល័យរដ្ឋបាលនៃក្រសួងព្រះបរមរាជវាំង។
៩.ព្រះវិហារព្រះកែវមរកត : ព្រះវិហារព្រះកែវមរកតមានតម្កល់ព្រះបដិមាមួយអង្គសាងអំពីត្បូងកែវមានតម្លៃ ដែលមានពណ៌ដូចមរកត។ រូបព្រះកែវពិតត្រូវបានសៀមប្រមូលយកទៅជាមួយរូបព្រះគោ
នៅពេលសៀមវាយលុកក្រុងអង្គរនៅឆ្នាំ១៤២០។
ព្រះវិហារព្រះកែវមរកតនេះត្រូវបានកសាងឡើងដោយឈើក្នុងរាជ្យព្រះបាទនរោត្តម ឆ្នាំ១៨៩២ រួចសាងសង់ជាថ្មីឡើងវិញ អំពីថ្មក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ
ក្នុងឆ្នាំ ១៩៦២ ។
ព្រះបាទនរោត្តមធ្លាប់សាងព្រះផ្នួសមួយវស្សាគឺនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ១៩៤៧ ហើយទ្រង់គង់នៅទីនេះ។
១០. សារមន្ទីររោងដំរី : សាងនៅឆ្នាំ ១៨៩២
ស្ថិតនៅខាងត្បូងព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង ។
ទីនេះសម្រាប់ដាក់ប្រដាប់ប្រដាហែក្បួនដំរី
ហើយវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរដែលរួមមានសាលពិព័រពណ៍ រូបថត ផ្ទះបុរាណខ្មែរ
និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបុរាណចំនួនពីរ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧
សាលតាំង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ៕
ប្រភព៖ អាណាចក្រខ្មែរ
@រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment