Breaking News
Loading...

Recent Post

Thursday, September 8, 2016

ប្រវត្តិពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ តើពិធីបុណ្យភ្ជុំបិណ្ឌមានអត្ថន័យយ៉ាងណាចំពោះពលរដ្ឋខ្មែរ?

បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាប្រពៃណី ធំជាងគេមួយរបស់ប្រជាជនខ្មែរយើង។ បុណ្យនេះ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសញាតិសន្ដាន ដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ ដែលនៅទីឆ្ងាយ។ពិសេសនោះគឺជាបុណ្យនៃការចែករំលែកជួយដល់ព្រះសង្ឃ ដែលគង់ចាំវស្សា ដែលព្រះសង្ឃត្រូវការទាំងចង្ហាន់ និងបច្ច័យនោះ។ យោងតាមឯកសាររបស់លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ អតីតសមាជិកក្រុមជំនុំជម្រះទំនៀមទម្លាប់ខ្មែរនៃពុទ្ធសាសនបណ្ឌិត្យ នឹងបង្ហាញឲ្យដឹងថា តើបុណ្យភ្ជុំបិណ្ឌមានប្រភពមកពីណា គេត្រូវធ្វើដើម្បីអ្វី ហើយនៅក្នុងរយៈពេលនៃការរៀបចំពិធីនេះ តើប្រជាពលរដ្ឋខ្មែរគួរធ្វើអ្វីខ្លះនោះ?
តាមសៀវភៅប្រជុំទំនៀមទម្លាប់ខ្មែរលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌ មានប្រវត្តិទាក់ទងនឹងរឿងព្រេងនិទាន ។ រឿងព្រេងតំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ ។ លុះទៅដល់កោះមួយនោះជួនជាល្ងាច និងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។ កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេ ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរទៅរកស៊ី ។
ពួកប្រេតទាំងនោះ លុះដើរក្រវែលរកអាហារឃើញមនុស្សដេកក្នុងសំពៅក៏ចាប់មនុស្សកំពុង ដេកលក់យកទៅឱ្យចៅហ្វាយខ្លះ គិតនឹងហែកស៊ីខ្លះ ។ ពួកមនុស្សដេកលក់ដោយសារឮសំឡេងប្រេតនិយាយគ្នា ក៏ភ្ញាក់ឡើងភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្តេចក៏ពួកប្រេតពុំព្រម ហើយគិតតែពីចាប់នាំទៅប្រគល់ឱ្យចៅហ្វាយនាយ ។ សម្រែកយំសោកបណ្តាលឱ្យផ្អើលមនុស្សអស់ទាំង៥០០សំពៅ ។ ពេលនោះនាយសំពៅម្នាក់ជាអ្នកឈ្លាសវៃនឹកឃើញថា «បើទោះជាត្រូវស្លាប់ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឱ្យអស់ចិត្ត សិន មិនត្រូវឱ្យគេផ្តាច់ជីវិត ទទេៗឡើយ»។ គិតហើយ នាយសំពៅក៏តាំងស្មារតីអង់អាចនិយាយទៅកាន់ស្តេចប្រេត សូមឱ្យលែងពួកខ្លួន តែស្តេចប្រេតឆ្លើយថា «យើងនឹងលែងពួកឯងទៅវិញមិនបានទេ ព្រោះពួកយើងស្រេកឃ្លានណាស់...យ៉ាងនេះម្តង បើលែងពួកអ្នកឯងទៅ មិនដឹងជាកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារណាស់ !» ។ ឮដូចនេះនាយសំពៅអង្វរថា៖ «សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា នឹងទទួលរកអាហារជូនលោករាល់ឆ្នាំ លុះត្រាតែអស់ជីវិត បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ អំណេិះតទៅលោកនឹងត្រូវអត់ឃ្លានទៀត ។ បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា? លោកសុខចិត្តពិសារូបយើងឱ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើងដើម្បីឱ្យទៅរកអាហារជូនលោកវិញ ?» ។
ពួកប្រេតឮសំណើនៃនាយសំពៅដូច្នេះ ក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញ ហើយផ្តាំផ្ញើថា «កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសខាងជើង អ្នកទាំងអស់គ្នាត្រូវធ្វើក្បូនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម បណ្តែតតាមខ្សែទឹកមកឱ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ ជំនោរខ្យល់នឹងបញ្ជូនមកដល់យើងហើយ» ។ ឮតែប៉ុណ្ណេះ ពួកអ្នកសំពៅអររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅរចោករចល់ខ្ញៀវខ្ញារបើកចេញផុតពីនោះយ៉ាង ប្រញាប់ ។ លុះទៅដល់ភូមិស្រុកជួបជុំគ្រួសារហើយត្រូវនឹងពេលជិតដល់រដូវ ភ្ជុំដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះធ្វើពោងពាយ ហើយដាក់បណ្តែតបញ្ជូនទៅឱ្យប្រេតតាមខ្សែទឹករាល់ឆ្នាំ ។ មនុស្សជាន់ដើមកាន់ពាក្យសច្ចៈល្អណាស់ បើនិយាយសន្យាថាដូចម្តេចហើយ មិនហ៊ានបំពានទេ ។ ចំណេរតមក អ្នកស្រុកក៏នាំគ្នាធ្វើ តៗមក ទៅជាទំនៀមទម្លាប់ដោយយល់ថា «ធ្វើបុណ្យបណ្តែតស្រូវអង្ករទៅឱ្យដូនតា ដែលទៅកើតជាប្រេត ស្ថិតនៅឯស្រុកទន្លេស្ងួត កន្តួតមួយដើម» នោះវិញ ។ បុណ្យភ្ជុំបិណ្ឌ កាលដើមឡើយធ្វើឡើងរយៈពេល៣ខែ គឺ៩០ថ្ងៃ ដោយគិតតាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ន បុណ្យភ្ជុំបិណ្ឌ ត្រូវកាត់បន្ថយនៅសល់តែ១៥ថ្ងៃប៉ុណ្ណោះ ព្រោះដោយសារពេលវេលាមិនអំណោយផល អ្នកស្រុកអ្នកភូមិមមាញឹកខ្លាំងក្នុងមុខរបរ ដូច្នេះ ត្រូវកាត់បន្ថយឱ្យខ្លីទៅវិញ ។ បុណ្យភ្ជុំបិណ្ឌមានអត្ថន័យ ធំធេងណាស់សម្រាប់ពុទ្ធបរិស័ទខ្មែរយើង ព្រោះបុណ្យភ្ជុំបិណ្ឌនេះធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ វិញ្ញាណក្ខន្ធ បុព្វបុរស ញាតកា ទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកើតជាប្រេត នរក ឬក៏សភាវៈ ផ្សេងៗ។ មួយវិញទៀតនោះបុណ្យភ្ជុំបិណ្ឌជាបុណ្យជួបជុំបងប្អូន ញាតិផៅគ្រប់ទិសទី សម្ដែងនូវសេចក្ដីសាទររីករាយ គ្រប់ៗគ្នា និងអ្វីដែលសំខាន់នោះ កាលណាមនុស្សយើងមានសទ្ធាជ្រះថ្លា ក្នុងព្រះធម៌ ក្នុងការធ្វើបុណ្យ ធ្វើទាននោះ វាជាបច្ច័យមួយជួយធ្វើឱ្យមនុស្សយើងមានចិត្ដស្ងប់ រំលស់នូវភាពសៅហ្មង គ្រប់ៗគ្នា ។ ពិធីសំខាន់ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ មានដូចជា ពិធីសូត្រមន្ដ បង្សុកូល បោះបាយបិណ្ឌជាដើម។ ទាក់ទិនទៅនឹងជំនឿ របស់ពុទ្ធបរិស័ទអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅ យល់ឃើញថាដាក់លុយនៅតាមភ្នំខ្សាច់ នីមួយៗ ព្រមទាំងអុជធូបដើម្បីស្មាលាកំហុសបាបមួយចំនួនដែលខ្លួនបានសាង ឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក ។ ការពូនភ្នំខ្សាច់ក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាកលោកផងដែរ ។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌវេលាម៉ោង៤ទៀបភ្លឺ ពុទ្ធបរិស័ទតែងតែនាំគ្នាទៅវត្ដអារាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោងដើម្បី«បោះបាយបិណ្ឌ»។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយដែលជនជាតិខ្មែរយើង និយមធ្វើជារៀងរាល់វេលាទៀបភ្លឺដើម្បីបញ្ជូន ឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិត ដែលបានចែកឋានទៅកាន់បរលោក ។ បុណ្យភ្ជុំបិណ្ឌប្រារព្ធធ្វើពីថ្ងៃ «១រោច» ដល់ថ្ងៃ «១៥រោច» ខែភទ្របទ ជារៀងរាល់ឆ្នាំ ។ រីឯថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះ ចាស់ៗបានលះបង់ផ្ទះសម្បែង កូនចៅទៅនៅវត្ដ សមាទានសីល៥ចាំសីល៨ បម្រើព្រះសង្ឃ សម្អាតទីអារាម ។ ចំណែកឯពុទ្ធបរិស័ទចែកវេនគ្នាជាវេនចំនួន១៥ថ្ងៃ ឬបិណ្ឌ។ ក្នុងបិណ្ឌ នីមួយៗ គេតែងធ្វើដូចជា ពេលយប់ជួបជុំពុទ្ធបរិស័ទ ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការ គោរពព្រះរតនត្រ័យ និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា ។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃឧទ្ទិសកុសលជូនចំពោះ វិញ្ញាណក្ខន្ធ បុព្វការីជន ដែលធ្វើមរណកាលទៅហើយ ៕ ដកស្រង់ចេញពីសៀវភៅប្រជុំទំនៀមទម្លាប់ខ្មែរ

0 comments :

Post a Comment

Back To Top