Breaking News
Loading...

Recent Post

Sunday, November 20, 2016

វត្ត​បទុមវតីរាជវរារាម ​ឬវត្តបទុមវតី



 

ផ្អែកតាមផែនទីចតុមុខមង្គលទី១ នោះ វត្តបទុមវតី​រាជវរារាម គឺជា​អតីត​​វត្ត​ខ្ពប​តាយ៉ង ដែល​ជា​​វត្តមួយ​ក្នុង​ចំណោម​វត្ត​ទាំងប្រាំមួយ​ (វត្តកោះ, វត្តលង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, ​វត្តឧណ្ណាលោម, និង​វត្តខ្ពប​តាយ៉ងនេះ) ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះបរម​រាជា​ពញាយ៉ាត នា​ពុទ្ធសករាជ ១៩៧៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៤៣៤​
នៅ​​ពុទ្ធសករាជ ២៤០៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៨៦៥ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ព្រះអង្គ​បាន​ចាប់​ផ្តើម​កសាង​​ទីអារាម​វត្ត​ខ្ពបតាយ៉ង​នេះ​ឡើង​វិញហើយ​នៅ​ពេល​បញ្ចុះសីមា​ឆ្លង​ព្រះ​វិហារ ព្រះអង្គ​ក៍​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​វត្តបទុមវតីរាជវរារាម ដែល​មានន័យ​ថា៖អារាម​នៃ​ព្រះ​រាជា​ ដែល​មាន​ផ្កាឈូក​ជារបង”… និង​បាន​និមន្ត​សម្តេច​​ព្រះ​សុគន្ធាធិបតី​ បញ្ញា​សីលោ ប៉ាន ជា​សម្តេច​ព្រះ​សង្ឃរាជ ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​ ​ដែល​កំពុង​គង់​នៅ​​វត្តសាលាគូ ឬវត្តអម្ពិលបី ក្រុងឧត្តុង្គ​មានជ័យ អោយ​មក​គង់​នៅ​​ក្នុងវត្ត​បទុម​វតី​រាជវ​រារាម​នេះ​តែ​ម្តង
ក្រោយមក នៅពុទ្ធសករាជ ២៤៨០ ត្រូវ​នឹង​គ្រឹស្តរាជ ១៩៣៧ ក្នុងរជ្ជកាល​​​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស ដែល​មាន​សម្តេច​ព្រះ​មង្គល​ទេពាចារ្យ បញ្ញា​ទីបោ ស៊ុក ជា​សម្តេច​ព្រះ​សង្ឃរាជ ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​ជំនាន់ទីបី បាន​រៀបចំរុះរើ​ព្រះវិហារ​ចាស់​ ដើម្បី​កសាង​ព្រះវិហារ​​​ជា​ថ្មី​ឡើង​វិញ​​ ដោយ​ធ្វើ​​អំពី​ឥដ្ឋ និង​ស៊ីម៉ង់ត៍។ ដោយសារ​វត្តនេះ ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​កសាង​ដោយ​​ព្រះរាជា​ខ្មែរ​ច្រើន​ជំនាន់ និង​ជា​ទី​ស្នាក់​អាស្រ័យ​របស់​សម្តេច​សង្ឃធម្មយុត្ត​​ធំៗ​ផង ទើប​បាន​ជា​ប្រជា​ពល​រដ្ឋ​​ខ្មែរ និយម​ហៅ​​ទី​អារាម​នេះ​ថាជា វត្តស្តេច
បច្ចុប្បន្ន វត្ត​បទុមវតីរាជវរារាម ត្រូវ​បាន​គេ​ហៅ​កាត់ថា វត្តបទុមវតី ឬវត្តបទុម ដែល​​ស្ថិត​ក្រោម​​ព្រះរាជកិច្ច​ដឹកនាំ​ គ្រប់​គ្រងដោយ​សម្តេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត ចាប់​តាំង​ពី​ឆ្នាំ ១៩៨៩ រហូត​មកគឺ​ក្រោយ​ពី​រៀបចំអោយ​ទៅ​​ជា​ទី​អារាម​ឡើង​វិញ បន្ទាប់​ពី​​​​ការ​ដក​​កងទ័ព​​វៀតណាម​​​​ចេញ​​អស់ពី​កម្ពុជា ហើយ​ក្នុង​​ពេល​ជា​មួយ​គ្នា​​នោះ គឺ​នៅ​​មិន​ទាន់​មាន​សង្ឃ​គណៈធម្មយុត្តិកនិកាយ​ ​កើត​មាន​ឡើង​នៅឡើយ​ទេ…​
ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ ១៩៩១ គឺ​ក្រោយ​​ការ​យាង​និវត្តន៍​របស់​ព្រះករុណា​ព្រះ​បាទ​​សម្តេច​ព្រះ​នរោត្តម​ សីហនុ ក៍​ចាប់​មាន​ការ​កកើត​ព្រះសង្ឃ​​​នៃ​គណៈធម្មយុត្ត​ឡើង​វិញ ដែល​ពេល​នោះ សម្តេច​ បួរ គ្រី គឺ​ជា​​សង្ឃ​នាយក​ នៃគណៈធម្មយុត្តិកនិកាយ ក៍​បាន​សំរេច​ព្រះទ័យ​ ​គង់​នៅ​ក្នុង​កុដិ​មួយ​នៅ​ប៉ែក​ខាង​មុខ​ជ្រុង​ខាង​ត្បូង ក្នុង​បរិវេណ​នៃ​វត្ត​បទុម​វតី រហូត​មក​ដល់​បច្ចុប្បន្ននេះ បើ​ទោះ​ជា​សម្តេច​ព្រះ​មហា​សង្ឃរាជ ទទួល​ចាត់​ចែង ​ដឹក​នាំ​គ្រប់​គ្រង​នៅ​ក្នុង​ទី​អារាម​នៃ​វត្ត​ស្វាយពពែ​ហើយ​ក៍​ដោយ…​​។​​
បន្ទាប់​ពី​ដើរ​ក្រឡឹង​ក្នុង​ទី​អារាម​នេះ​មួយ​ជុំ​មក ខ្ញុំ​សង្កេត​ឃើញ​ថា នៅប៉ែកខាងត្បូង​ព្រះវិហារ ​ដែល​ខ័ណ្ឌ​ដោយ​ចន្លោះ​ផ្លូវ​​នៅ​ជាប់នឹង​របងចេតិយ មានអាគារថ្ម​ដ៏​ចាស់​មួយ​​ មានកំពស់​​មួយ​ជាន់ ​​ឃើញ​​មាន​​លេខសំគាល់ ១២ ហើយ​នៅ​ខាង​លើ​មាន​ដាក់​កាល​បរិច្ឆេទ​ឆ្នាំ ១៩៦៧ តាមខ្ញុំ​​គិត​ស្មាន​មើល​ទៅ នេះ​ជា​កុដិព្រះសង្ឃ​ខាង​គណៈ​ធម្មយុត្ត​​ហើយ ។ ព្រោះថា ចាប់​ពី​អាគារ​ចាស់​​នេះ រហូត​ដល់​អាគារ​ថ្ម​នៅ​ខាង​កើត​​ជាប់​នឹង​របង​ផ្លូវ​កៅស៊ូ គឺ​ជា​តំបន់ “​កាន់​កាប់​ដោយ​ព្រះ​សង្ឃ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​ហើយ​បច្ចុប្បន្ន ក្នុង​ពេល​ដែល​​ព្រះវិមាន​ធម្មយុត្តិកា​ធិបតី ដែល​ស្ថិត​ក្នុង​បរិវេណ​វត្ត​​ស្វាយពពែ នៅ​មិន​ទាន់​ធ្វើ​បុណ្យ​ឆ្លង​នៅ​ឡើយ ហេតុនេះ សម្តេច​​ព្រះ​អភិ​សេរី​​ មហា​​​សុគន្ធា​ធិបតី​ បួរ គ្រី ​ក៍​កំពុង​តែ​សំរាក​ព្រះ​កាយ​​នៅ​ក្នុង​ព្រះ​រាជដំណាក់​កុដិ​ដ៏​ជរា នៃ​​បរិវេណ​វត្តបទុមវតី​​នេះ​នៅឡើយ


 

ប្រភព៖ ផ្តល់សិទ្ធិដោយគេហទំព័រស្រុកស្រែ 
@រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top