Breaking News
Loading...

Recent Post

Tuesday, September 27, 2016

អាថ៍កំបាំងនៃក្រុង "បុរី​ជូឡុង" ដែលគ្រប់គ្នាមិនទាន់បានដឹង!

ឧទ្យានជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្នុង​នៅ​ឆ្នាំ​១៩៤០ ដោយ​នាយកដ្ឋាន​គង្គា រុក្ខ​ប្រមាញ់ ហើយ​បាន​ធ្វើ​ផ្លូវ ជា​លើក​ដំបូង​ចូល​ទៅ​ដល់​ទី​ខ្ពង់រាប​គិរីរម្យ។ បន្ទាប់មក​នៅ​ក្នុង​ឆ្នាំ​១៩៤៤ សម្ដេច​ព្រះនរោត្ដម សីហនុ បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​តំបន់​នោះ​ជា​លើក​ដំបូង​តាម​រយៈ​ដំរី ព្រះអង្គ​ក៏​បាន​សព្វ​ព្រះរាជហឫទ័យ​ចំពោះ​ទេសភាព​ដ៏​ល្អ​ប្រណិត​នៃ​តំបន់​ នេះ។

ព្រះអង្គ​បាន​ព្រះរាជ​តម្រិះ​ថា «ព្រៃ​ស្រស់​បែប​នេះ មាន​តែ​នៅ​ក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ មិន​នឹក​ស្មាន​ថា ព្រៃ​ស្រស់​នេះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ»។ នៅ​ពេល​នោះ​ព្រះអង្គ​រាជានុញ្ញាត​អោយ​អ្នក​ជំនាញ​បច្ចេកទេស​សិក្សា និង​កំណត់​ឈ្មោះ​តំបន់​នេះ​ថា «ខ្ពង់រាប​គិរីរម្យ» ព្រះរាជក្រម​លេខ ១២៩ លរ ចុះ​ថ្ងៃ​ទី ១៧​មេសា ឆ្នាំ​១៩៤៤។ នៅ​ក្នុង​ឆ្នាំ​​នោះ មាន​អ្នក​វិទ្យាសាស្ត្រ ក៏​ដូចជា​ក្រុម​ភូមិសាស្ត្រ បសុព្យាបាល និង​ក្រុម​ភូមិសាស្ត្រ បាន​ចូល​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ភូមិសាស្ត្រ ស្ថានភាព​ដី ស្ថានភាព​ជីវសាស្ត្រ​នៅ​តំបន់ គិរីរម្យ​ជា​ច្រើន​ក្រុម​ជា​បន្តបន្ទាប់។
 
នៅ​ក្នុង​ឆ្នាំ​១៩៤៤​នោះ​ដែរ នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់​បាន​កំណត់​តំបន់​គិរីរម្យ​ថា «ជា​ព្រៃ​បម្រុង​ទុក​សម្រាប់​ផ្ដល់​ផល​ទៅ​ថ្ងៃ​អនាគត»។ ចាប់​ពី​ថ្ងៃ​ទី​ ២២ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៥ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច និង​គង់​ប្រថាប់​នៅ​ព្រះ​រាជ​សំណាក់ ដែល​រៀប​ចំ​សាងសង់​ឡើង​ដោយ​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ នៅ​​អូរ​ខ្សាច់​សរ។
នៅ​ក្នុង​ឆ្នាំ​១៩៤៩ នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ បាន​ដំណើរការ​សាងសង់​ផ្លូវ និង​ស្ពាន​នានា​ទៅ​ទូទាំង​តំបន់​គិរីរម្យ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។

នៅ​ចុង​ឆ្នាំ ១៩៤៩ តំបន់​គិរីរម្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ឥស្សរៈ។ ការ​គ្រប់គ្រង​របស់​ខ្មែរ​ឥស្សរៈ​រយៈពេល ១​ឆ្នាំ​ស្ពាន​ជា​ច្រើន នៅ​ក្នុង​តំបន់​គិរីរម្យ​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ជន​ប្រដាប់​អាវុធ ហើយ​នៅ​ពេល​នោះ​ភ្នាក់ងារ​រុក្ខា​នៃ​នាយកដ្ឋាន​គង្គា​និង​រុក្ខា​ប្រមាញ់ បាន​សម្រេច​ចិត្ត​បញ្ឈប់​សកម្មភាព​គ្រប់គ្រង​តំបន់​គិរីរម្យ ប៉ុន្តែ​ពួកគេ​បាន​វិល​ត្រឡប់​ចូល​មក​គ្រប់គ្រង​តំបន់​នេះ​វិញ​នៅ​ដើម​ឆ្នាំ ​១៩៥៤។

បន្ទាប់​ពី​សន្និសីទ​អន្តរជាតិ​នៃ​ទី​ក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស ខែ​វិច្ឆិកា ឆ្នាំ​១៩៥៤ ដែល​បារាំង​បាន​ប្រគល់​ឯករាជ្យ​ភាព​ពេញ​បរិបូរណ៍​ជូន​ប្រទេស​កម្ពុជា ទើប​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ បាន​ចាប​ផ្ដើម​ដំណើរការ​ការងារ និង​សកម្មភាព​គ្រប់គ្រង​ព្រៃឈើ​របស់​ខ្លួន​ឡើង​វិញ ក្នុង​តំបន់​គិរីរម្យ ដោយ​យោង​ទៅ​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​១៩៥០។

នៅ​ឆ្នាំ​១៩៦២ តំបន់​គិរីរម្យ ត្រូវ​បាន​កសាង​ឡើង​ជា​ក្រុង​ទេសចរណ៍​មាន​ឈ្មោះ​ថា "ក្រុង​ជូឡុង" ឬ​ហៅ​ថា "បុរី​ជូឡុង"។ មូលហេតុ​ដែល​ក្រុង​នេះ​ត្រូវ​បាន​កំណត់​ឈ្មោះ​ថា ក្រុង​ជូឡុង ព្រោះ​សម្ដេច​ចក្រី ញឹក ជូឡុង នៅ​ពេល​នោះ​​គី​ជា​សកម្មជន​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​រួម​វិភាគទាន និង​ចលនា​ប្រជាជន ដើម្បី​ស្ថាបនា​ទីក្រុង​ទេសចរណ៍​ដ៏​ប្រណិត​នេះ​ឡើង។ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្រៅ​ពី​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ ឬ​ក្រុង​កំពង់​សោម រដ្ឋាភិបាល​សម័យ​នោះ​បាន​បង្កើត​ជា​ក្រុង​ថ្មីៗ​មួយ​ចំនួន​ទៀត​ដូច​ជា ក្រុង​អង្គរ ក្រុង​កែប ក្រុង​បូកគោ ក្រុង​ប៉ៃលិន និង​បុរី​ជូឡុង​នេះ​ឯង។
នៅ​ក្នុង​ឆ្នាំ​១៩៦៥ វិស័យ​ទេសចរណ៍​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ។
 
ដោយ​សារ​សក្ដានុពល​ធម្មជាតិ​នៅ​តំបន់​គិរីរម្យ រួម​ផ្សំ​នឹង​សំណង់​ប្រណិតៗ​ជា​ច្រើន ទើប​រៀងរាល់​ចុង​សប្ដាហ៍​គេ​ឃើញ​មាន​រថយន្ត​រាប់​រយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ ទោ​កាន់​តំបន់​នោះ។ យោង​តាម​កំណត់​ត្រា​របស់​ទស្សនាវដ្ដី កម្ពុជ​សុរិយា បោះពុម្ព នៅ​ឆ្នាំ ១៩៦៦ បាន​​ឲ្យ​ដឹង​ថា មាន​រថយន្ត​រហូត​ដល់​១១.៥០០​គ្រឿង បាន​ធ្វើ​ដំណើរ​ទស្សនាចរ​ទៅ​តំបន់​នោះ ដោយ​រួម​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​បរទេស​ជា​ផ្លូវ​រដ្ឋ​ផង ដូច​ជា លោក​ប្រធានាធិបតី​ចិន លីវ ចាវជី លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី ស៊ូកាណូ លោក​ប្រធាន អ៊ុំ ញ្ញ៉ាតុ មក​ពី​យូហ្គោស្លាវី លោក​សេនាប្រមុខ ចេនយី មក​ពី​ប្រទេស​ចិន។ល។ ប្រតិភូ​ឥស្សរជន​ទាំង​នេះ សុទ្ធ​តែ​ត្រូវ​បាន​អញ្ជើញ​ដោយ​សម្ដេច​ព្រះ នរោត្តម សីហនុ ដើម្បី​ធ្វើ​ដំណើរ​ទស្សនាចរ​នៅ​គិរីរម្យ​។


ហើយ​ជា​ញយ​ដង សម្ដេច​ព្រះ នរោត្តម សីហនុ​ បាន​សព្វ​ព្រះ​រាជហឫទ័យ​ចំពោះ​ក្រុង​នេះ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​ជា​ញឹកញាប់ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ទស្សនា​ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ប្រណិត​ និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ​នៃ​តំបន់​គិរីរម្យ ជា​អនេក​ហើយ​រដ្ឋាភិបាល​សម័យ​នោះ​ក៏​ទុក​ទី​នោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ដ៏​ប្រណិត​មួយ​ផង​ដែរ។

នៅ​ក្នុង​បរិវេណ​ឧទ្យានជាតិ​គិរីរម្យ ឬ​ក្រុង​ជូឡុង នេះ​ក៏​មាន​ចម្ការ​ចែ​ជា​ច្រើន​ហិកតារ ចម្ការ​ផ្កាអ័រគីដេ មាន​វារីអគ្គិសនី មាន​កន្លែង​តាំង​ពិព័រណ៍​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ មាន​រោង​ចក្រ​ចំនួន​៣ និង​មាន​ព្រលាន​យន្តហោះ​​ដែល​អាច​អាយ​ឧទ្ធម្ភាគចក្រ​ចុះចត​បាន ស្ថិត​នៅ​ជិត​អតីត​ព្រះរាជ​ដំណាក់ ដែល​ត្រូវ​បាន​គេ​សាង​ឡើង​ក្នុង​រវាង​ឆ្នាំ ១៩៦២-៦៥។



 ប្រភព៖ "Kirirom National Park"WCMC។ បានយកមក 2009-08-29
ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top