ប្រភពនៃពាក្យស្រុកខ្មែរ ដែលយើងជាកូនខ្មែរគួរដឹង!
ផ្ទាំងសិលាចារឹកខ្មែរ ដែលគេបានរកឃើញនៅភូមិសប្បាក ឃុំសះកែវរាជ (ស្រះកែវរាជ) ស្រុកប៉ាក ទង់ឆៃ (បាក់ទង់ ជ័យ) ខេត្តនគររាជសីមា សរសេរជាភាសាសំស្ក្រឹត (៣០បន្ទាត់) និងជា ៦បន្ទាត់ទៀត ជាភាសាខ្មែរនៅឆ្នាំ ៩៨៩សក ត្រូវនិងឆ្នាំ១០០៦នៃគ.ស ក្នុងរាជ្យរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី។ ប្រធាន បទនៃសិលាចារឹក គឺការរំលឹកការប្រារព្ធពិធីសាសនាបែបនិកាយវជ្រយាន ដើម្បីស្រោចស្រង់ប្រទេសខ្មែរ ឲ្យផុតពីការលុក លុយរបស់ជ្វា ឬក៏បំបាត់ការត្រួតត្រា និងការផ្តល់ព័ត៌មានថាពីដើមស.វទី១១នៃគ.ស ប្រទេសខ្មែរមានឈ្មោះមួយទៀត គឺស្រុកខ្មែរ។
សូមជម្រាបថា ការប្រើពាក្យ “ស្រុកខ្មែរ” ពុំមានក្នុងសិលាចារឹកផ្សេងទៀតឡើយ។ ដោយសារនៅ ទីនេះពេលវេលាមានកំណត់ យើងសូមលើកតែអត្ថបទភាសាខ្មែរពាក់ព័ន្ធ ប្រែដោយលោកសាស្ត្រចារ្យ កង្វល់ខាស្សីមា មកបង្ហាញ ជូនតែប៉ុណ្ណោះ។ “ រីឯព្រះពុទ្ធលោកេស្វរៈ ដ៏ប្រាំបួនទីកំស្តែង ស្រីសត្យវរ្មៈ ដ៏ មានសិទ្ធី ស្ថាបនា ព្រេង លើអភ័យគិរី ដើម កុំបី ជវា (ជ្វា) រុករាន ឈ្លានពាន ស្រុកខ្មែរ. . .” ។ មានន័យថា ការធ្វើពិធីសាសនាបែបមហាយាន និកាយវជ្រ យានក្រោយពី “ ការជួសជុលព្រះពុទ្ធលោកេស្វរៈទាំង៩អង្គ ឡើងវិញ ដែលត្រូវបានស្ថាបនាតាំងពីព្រេងនាយមកហើយ នៅលើភ្នំអភ័យគិរី (គឺធ្វើឡើងដើម្បី) មិនឲ្យជ្វា រុករានយាយីស្រុកខ្មែរតទៅទៀត។
ដូចនេះ អត្ថបទសិលាចារឹកនេះ បានពិពណ៌នាអំពីពិធីសាសនា និង វត្ថុបំណង នៃពិធីនេះ ក្រោយពី ការជួសជុលចម្លាក់ព្រះពោធិសត្វទាំង ៩អង្គ គឺចង់បង្ហាញអំពី ឆន្ទះខ្មែរ ក្នុងការការពារ អធិបតេយ្យភាពរបស់ ព្រះរាជាណាចក្រកម្ពុជា ឬស្រុកខ្មែរ ដើម្បីកុំឲ្យជ្វាមកឈ្លានពាន។ គួរគប្បីរំលឹកនៅទីនេះផងដែរថា បញ្ហារុក រានទន្ទ្រានទឹកដីនៃនគរខ្មែរ គឺដោយជ្វាក៏ត្រូវបានគូសបញ្ជាក់ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ នៅលើ ភ្នំគូលែន ឬមហេន្ទ្របព៌ត តាមរយៈសិលាចារកស្តុកកក់ធំដែរ។
ជារួមគេអាចនិយាយបានថា ពិធីសាសនាលើភ្នំអភ័យគិរីនៅឆ្នាំ ១០០៦នៃគ.ស ត្រូវបានផ្តើមចេញពី ពិធីសាសនាទេវរាជ នៅលើភ្នំមហេន្ទ្របព៌ត (គូលែន) ដែលព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធនៅឆ្នាំ ៨០២ យ៉ាងប្រាកដ។ ក៏ប៉ុន្តែដូចលោកកង្វល់ខាត្សីម៉ា ដែលបានកត់សម្គាល់ យើងគិតថា ពិធីទេវរាជ អាចជាពិធី ក្នុងព្រះពុទ្ធសាសនានិកាយ វជ្រយាន ឬនិកាយពេជ្រ (វីរយាន) ដែលធ្វើឡើងកុំឲ្យប្រទេសកម្ពុជាធ្លាក់ទៅ ក្រោមអំណាចជ្វា ពោលគឹមិនមែនពិធីក្នុងព្រហ្មញ្ញសាសនាឡើយ។
សូមរំឮកផងដែរថា ពាក្យស្រុកខ្មែរនៅទីនេះ ដែលជាពាក្យខ្មែរសុទ្ធសាធ គឺត្រូវនឹងពាក្យ នគរ ឬ ប្រទេសខ្មែរ ដែលមានប្រភពពីប្រទេសឥណ្ឌា ហើយដែលជាភាសាសំស្ក្រឹត ហើយម្យ៉ាងវិញទៀត ពាក្យទាំង នេះក៏នៅតែពេញនិយមរហូតដល់សព្វថ្ងៃ៕ (ម.ត្រាណេ)
0 comments :
Post a Comment