ភ្នំពេញ៖ ក្រុមនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទទួលបានការសាទរ ព្រមទាំងទទួលបានការចូលរួមពីលោកអភិខណ្ឌដូនពេញ ក្នុងយុទ្ធនាការរើសសម្រាមសម្អាតទីក្រុង ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីយើងទាំងអស់គ្នា ” នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦។
“ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីយើងទំាងអស់គ្នា!” ជាប្រយោគដែលត្រូវបានលើកឡើងដោយក្រុមនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា កាលពីថ្ងៃ១៧ ខែ កញ្ញា ឆ្នាំ ២០១៦។ ក្រុមនិស្សិតចំនួន១៣៥រូបមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង មួយចំនួនទៀតមកពីសាកលវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញបានសហការណ៍គ្នា ក្រោមការផ្តួចផ្តើមពីសំណាក់ព្រះតេជគុណ ឈុំ ចំរើន និង បងស្រី ចន្ទតារា បើកយុទ្ធនាការរើសសម្រាម សម្អាតទីក្រុង ក្រោមប្រធានបទ “ទីក្រុងស្អាតផ្តើម បរិស្ថានល្អ ផ្តើមពីយើងទាំងអស់គ្នា” នៅតាមបណ្តោយបាត់ទន្លេពីមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី ដែលទទួលបានការសាទរ និងចូលរួមដោយផ្ទាល់ពីលោកសំណាក់លោកអភិបាលខណ្ឌដូន ពេញ ។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើង ដើម្បីសម្អាតបរិវេណសាធារណៈតាមបណ្តោយមាត់ទន្លេ ក្នុងឱកាសរដូវភ្ជុំបិណ្ឌ ព្រោះថាកន្លងមកប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ តែងតែបោះចោលសំរាមពាសវាល ពាសកាល ធ្វើឲ្យមានខ្លឹនមិនល្អ និងប៉ះពាល់សុខភាពយ៉ាងខ្លាំង ហើយនេះក៏ជាការផ្ញើសារដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ឬក៏អង្គុយលេងតាមទីសួនសាធារណៈ សូមបញ្ឈប់សកម្មភាពមិនល្អដោយការបោះសម្រាមចោល ជាពិសេសយុវជន ពលរដ្ឋត្រូវចោលសំរាម ក្នុងធុងឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត និងមានអនាម័យ។
ព្រះតេជគណ ឈុំ ចំរើន ជាអ្នកផ្តួចផ្តើមយុទ្ធនានេះបានមានព្រះថេរៈដីកាថា ក្រុមនិស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានចូលរួមក្នុងការងារសង្គមយ៉ាងច្រើន ដូចជាការដាំកូនឈើ ជួយកុមារកំព្រា ជាក់ស្ដែងនៅក្នុងយុទ្ធនាការពេលនេះ ក្រុមនិស្សិត បានចូលរួមរើសសំរាម បោសសម្អាត ដើម្បីរួមចំណែកនូវការកាត់បន្ថយភាពកង្វក់ ហើយនេះជាសារមួយ ផ្ញើដល់ពលរដ្ឋ ត្រូវចូលរួមរក្សាអនាម័យនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ឲ្យស្អាតផងដែរ។
ស្រដៀងគ្នានេះដែរ កញ្ញាដាទី ក៏បានបញ្ជាក់ដែរ «យុទ្ធនាការរួមគ្នា សម្អាតទីក្រុងនេះ» នេះត្រូវបានធ្វើឡើងដោយមានការសហការគ្នាជាមួយក្រុមនិស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងនិស្សិតផ្សេងៗទៀត ដើម្បីសម្អាតបរិស្ថានសួនសាធារណៈ ហើយយុទ្ធនាការនេះ មានគោលបំណង ប្រមូលនូវសំរាមទាំងអស់ដែលមានសភាពរាយប៉ាយ និងតាមដងផ្លូវសាធារណៈ យកដាក់ក្នុងធុងសំរាម ដើម្បីឲ្យវាមានសណ្ដាប់ធ្នាប់ឡើងវិញ និងកុំឲ្យវាប៉ះពាល់សុខភាព ពលរដ្ឋដែលនៅជុំវិញ។
កញ្ញាបន្ថែមថា សកម្មភាពទាំងនេះ ត្រូវឡើងមិនមានការបង្ខិតបង្ខំពីស្ថាប័នណាទាំងអស់ វាសុទ្ធតែជាសកម្មភាពស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរាបរយ ព្រមទាំងផ្ញើសារដល់ពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចេះស្រលាញ់បរិស្ថាន ប្រសិនបើបរិស្ថានស្អាត ជាកញ្ចក់មួយឆ្លុះបញ្ចាំងថា ពលរដ្ឋកម្ពុជា មានសុជីវធម៌ក្នុងការរស់នៅ។
ជាចុងក្រោយ ក្រុមនិស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានថ្លែងសម្តែង ការសូមផ្ដាំផ្ញើដល់ពលរដ្ឋទូទៅថា «យើងទាំងអស់គ្នា ត្រូវតែរួបរួមគ្នាដើម្បីប្រទេសជាតិយើង មានសោភ័ណ្ឌភាពស្រស់ស្អាត ហើយត្រូវចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាអនាម័យឲ្យមានល្អ»។
សូមរំលឹកថា ក្រុមនិស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជានាពេលកន្លងមក បានចូលរួមជាច្រើន ក្នុងការជួយកិច្ចការសង្គមជាតិ ក្នុងកិច្ចការមនុស្សធម៌ ក្នុងការងារសង្គមជាច្រើនផងដែរ ហើយការងារទាំងនោះ គឺកើតឡើងពីការស្ម័គ្រចិត្ត ដោយមិនមាននិន្នាការនយោបាយឡើយ ក៏ដូចជាចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែមានភាពរីកចម្រើន៕
រក្សាសិទ្ធិ៖
បទយកការណ៍ដោយ៖
បណ្ណាល័យចែករំលែក
0 comments :
Post a Comment