ប្រវត្តិរឿងព្រេងទាក់ទិនភ្នំបុរីស្ថិតក្នុងស្រុកអង្គរបុរីខេត្តតាកែវ!
នៅស្រុកអង្គរបុរីខេត្តតាកែវមានភ្នំមួយឈ្មោះភ្នំបុរីដែល មានប្រវត្តិរឿងព្រេងនិទានគួរឱ្យជក់ចិត្ត ។លោកជា សម្បត្តិ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកអង្គរបុរី និទានពីប្រវត្តិរឿងព្រេងនោះថា៖
មានព្រះរាជាមួយព្រះអង្គគង់នៅព្រះរាជវាំងបាសាក់ ឬចំប៉ាសាក់ គឺនៅផ្នែកខាងលើនៃទន្លេមេគង្គ ។ ព្រះអង្គមានព្រះរាជបុត្រីមួយអង្គព្រះនាមអាក់អរ ប្រកបដោយរូបឆោមល្អល្អះរកនរណាប្រៀបគ្មាន ។
ព្រះនាងមានចិត្តប្រតិព័ទ្ធទៅលើបុរសទុរគតម្នាក់យ៉ាង ខ្លាំង ។ ដោយការប្រកាន់វណ្ណៈព្រះរាជាសុខចិត្តបំបរបង់ព្រះរាជបុត្រី ជាមួយបុរសទុរគតនោះចេញពីរាជវាំង ។ ព្រះរាជាទ្រង់ចាត់សេនាឱ្យរៀបចំស្រូវ អង្ករ សណ្ដែក អំបិល ប្រហុក រួមទាំងប្រដាប់ប្រដារ ប្រើប្រាស់ជាច្រើនផងដាក់ពោងពាយបណ្ដែតចេញទៅ ។ ពោងពាយចេះតែអណ្ដែតតាមផ្ទៃទឹកដីធំល្ហល្ហេវ ជាយូរថ្ងៃក៏នាំអ្នកទាំងពីរទៅដល់ភ្នំមួយ គឺភ្នំបុរីនោះឯងដែលសព្វថ្ងៃស្ថិតនៅក្នុងភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ។
កាលនោះព្រះនាងអាក់អរនិងបុរសទុរគតជាស្វាមីមានសេចក្ដីត្រេក អរយ៉ាងខ្លាំងដោយខ្លួនបានរួចជីវិតពីកណ្ដាលជលសា ។ អ្នកទាំងពីរនាំគ្នាម្នីម្នាជញ្ជូនរបស់របរពីពោងពាយឡើងទៅ លើគោក ហើយរកកាប់ឈើធ្វើជាខ្ទមដើម្បីស្នាក់នៅទីនោះ ។ ការរស់នៅទីកណ្ដាលព្រៃភ្នំតែពីរនាក់ធ្វើឱ្យព្រះនាងមានការ នឹករលឹកព្រះបិតា ព្រះមាតា និងបងប្អូនជាខ្លាំង ។
លុះពេលរាត្រីព្រះនាងអង្គុយសញ្ជប់សញ្ជឹងលន្លង់លន្លោចជាមួយ សំឡេងថ្ងូចថ្ងូររបស់វាយោពីកំពូលភ្នំ លាយឡំជាមួយចម្រៀងឆ្លើយឆ្លងរបស់សត្វរាត្រីចរទាំងឡាយ ។ នៅយប់មួយព្រះនាងលង់លក់មួយភាំងក៏មានអ្នកសច្ចំ ពន្យល់សុប្ដិថានឹងជួយព្រះនាងឱ្យមានទ្រព្យសម្បត្តិ និងកិត្តិយសល្បីល្បាញនៅភ្នំនេះ ។ សបិនជាកម្លាំងចិត្តឱ្យព្រះនាងអាក់អរ និងស្វាមីខិតខំកាប់គាស់ដើម្បីដាំដំណាំផ្សេងៗចិញ្ចឹមជីវិត ។
ព្រះនាងអាក់អរបានឱ្យប្ដីទៅកាប់អុសនៅឯព្រៃជ្រៅ ចំណែកព្រះនាងនៅធ្វើការជិតៗខ្ទម ។ បុរសជាស្វាមីបានទៅកាប់អុសបានសុទ្ធតែឈើចន្ទន៍ក្រស្នាយកមក គរទុកបានយ៉ាងច្រើន ។ ព្រះនាងស្គាល់ច្បាស់ ហើយក៏ប្រាប់ប្ដីឱ្យទៅរកឈើទាំងនោះមកទុកឱ្យបានច្រើនថែមទៀត ក៏ធ្វើតាមប្រពន្ធទាំងរីករាយ ។ថ្ងៃមួយពេលប្ដីទៅកាប់ឈើដូចធម្មតាក៏ប្រទះថ្មដែលមានពណ៌លឿង ទុំល្អប្លែកក៏យកថ្មបីដុំនោះទៅផ្ទះ ។
ប្រពន្ធស្គាល់ច្បាស់ថា ជាដុំមាសក៏សួរប្ដីហើយផ្ដាំឱ្យប្ដីប្រមូលថ្មនោះមកទុក ឱ្យបានច្រើនថែមទៀត ហើយប្ដីក៏ចេះតែធ្វើតាមប្រពន្ធរហូតបានឈើខ្លឹមចន្ទន៍ក្រស្នា និងដុំមាសរាប់គំនរ ។ ព្រះនាងអាក់អរឱ្យប្ដីចាត់ចែងលើកទង់ពណ៌ស មួយយ៉ាងខ្ពស់ដើម្បីសម្គាល់ក្រែងមានសំពៅជំនួញណាធ្វើដំណើរមកនឹងឃើញ ហើយក៏ចូលមកទាក់ទងជួញដូរ ។ មិនយូរប៉ុន្មានមានសំពៅជំនួញចំនួនប្រាំពីរចូលមកដែលសំពៅទាំង នោះមកពីលង្កាក៏ចូលសំចតនៅមាត់ទឹក ហើយដង្ខៅសំពៅក៏ឡើងទៅមើលតាមសញ្ញាក៏បានជួប ហើយនិយាយដោះដូរមុខជំនួញមានកំណាត់សំពត់,មានគ្រឿងប្រើប្រាស់ហូប ចុក,និងភស្ដុភារ ដដៃទៀតជាមួយឈើចន្ទន៍ក្រស្នា និងដុំមាស ។ ព្រះនាងអាក់អរយល់ព្រមដោះដូរតែឈើចន្ទន៍ក្រស្នាទេ ចំណែកដុំមាសនាងបានឱ្យនាយសំពៅទៅរកជាងមាសប្រុស១០០នាក់ និងស្រី១០០នាក់ មកពីស្រុកក្រៅដើម្បីច្នៃជាគ្រឿងអលង្ការសិន ។
នាយសំពៅត្រឡប់ទៅស្រុកវិញ ហើយធ្វើតាមបណ្ដាំនាងអាក់អរ ។ មិនយូរប៉ុន្មានទីនោះក៏មានអ្នកស្រុកក្រៅទៅតាំងទីលំនៅកើត ជាកូនពូនជាចៅកាន់តែច្រើនឡើងៗ ហើយពួកគេគោរពកោតខ្លាច និងចាត់ទុកព្រះនាងអាក់អរ និងស្វាមីជាម្ចាស់នៅទីនោះ ។ ក្រោយមកព្រះនាងអាក់អរក៏ឱ្យស្វាមីប្រកាសខ្លួនជាស្ដេចមួយ ព្រះអង្គនៅតំបន់នោះដោយមានព្រះនាមថា ព្រះសង្ខចក្រ និងព្រះនាងអាក់អរជាអគ្គមហេសី ។ ព្រះអង្គសង្ខចក្រចាត់ឱ្យមានមន្ដ្រីរាជការតាមផ្នែក និងកងទ័ព ។ល។ ព្រមទាំងរៀបចំទីនោះឱ្យមានលក្ខណៈជាក្រុងមួយយ៉ាងល្អដោយមាន កំផែងព័ទ្ធជុំវិញ ហើយអ្នកនៅទីនោះហៅថាបុរីព្រោះចាត់ទុក អ្នកទៅទីនោះថា ជាអ្នកក្រុងហេតុដូចនេះបានជាជាប់ឈ្មោះថា «ភ្នំបុរី» រហូតសព្វថ្ងៃ ។
លោកជា សម្បត្ដិឱ្យដឹងបន្តថា បើតាមឯកសារមួយចំនួនទឹកដីកំណើតរបស់ប្រទេសខ្មែររាជវាំងនៃ នគរហ្វូណនគឺនៅម្ដុំទីរួមស្រុកអង្គរបុរីសព្វថ្ងៃ ។យោងតាមប្រភពមួយចំនួនទៀតឱ្យដឹងថានៅភ្នំបុរីសព្វថ្ងៃក៏នៅ មានទីតាំងមួយចំនួនដែលជាឈ្មោះជាប់តាំងពីព្រេងនាយដែរដូចជា លង់សំពៅ គឺកាលពីសម័យនាងអាក់អរមានសំពៅដែលចូលមកទំនាក់ទំនងការជួញដ ូរជាមួយព្រះនាងបានលិចនៅជិតភ្នំបុរីនេះ ។ ប្រជាជនដែលរស់នៅក្នុងភូមិភ្នំបុរីសព្វថ្ងៃតែងតែរើសបានវត្ថុ ផ្សេងៗដូចជាតុំកំបោ និងខួចតូចៗជាដើមដែលជាភស្តុតាងបង្ហាញថា ពិតជាមានមនុស្សរស់នៅទឹកដីភ្នំបុរីតាំងពីសម័យព្រេងនាយមែន ៕
ប្រភព៖ រឿងព្រងនិទានទាក់ទងនឹងឈ្មោះ ទីកន្លែង
រក្សាសិទ្ធិដោយ៖
បណ្ណាល័យចែករំលែក
0 comments :
Post a Comment