Breaking News
Loading...

Recent Post

Sunday, September 18, 2016

ប្រវត្តិនៃឈ្មោះខេត្តបាត់ដំបង!



 

បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​នៅ​មុន​សម័យ និង​សម័យ​អង្គរ​គឺ​ពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​” មហា​ជន​ខ្មែរ​” ​មាន​ ប្រើ​ឈ្មោះ​” ស្រុកបាត់ដំបង “ ​ ។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​” បាត់ដំបង” ​ឬ​អូរ​ដំបង ។​ឯឈ្មោះ​ “ ព្រះ​ដំបង” ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​” ព្រះ​ដំបង” ​ ។



-កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃ​បឹង​ទន្លេ​សាប​គឺ​ជា​ដែន​ដី​អ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ ភិមៈ​បុរៈ ។ នៅ​ក្នុង សម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីរ​ជាតិ​ល្អ​អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ច្រើន​ជា​ភស្តុតាង ​បង្ហាញ គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទ​បាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ។ ខាង​ព្រហ្មញ្ញា​សាសនា​ឬ​ក៏​ដល់​ព្រះពុទ្ឋ​និង​ពោធិ​សាត់​ផ្សេង​ៗ​ខាង​ ពុទ្ឋសាសនា​។
-នៅ​សតវត្ស​ក្រោយ​មក​ទៀត​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨ ​ធ្វើ​អោយ​ជីវភាព រស់​នៅ​របស់​ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​ និរាស​គ្រួសារ​ទ្រព្យ​សម្បិត្ត​ផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សារ​។

-នៅ​ ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​សតវត្ស​ទី​២០​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្ស ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅ​ហ្វ៊ា​បែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា ” ត្រ​កូល​អភ័យ​វង្ស​ “ ​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧ ។

-តាម​ សន្ឋិ​សញ្ញា​បារាំង សៀម ​ចុះ​ថ្ងៃទី​ ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​អោយ​កម្ពុជា​វិញ​នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​ កាប់​ជាង​មួយ​សតវត្ស​នោះ គឺ​បាត់​ដំបង សៀមរាប​អង្គ្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ )​ ប៉ែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​ ៦ខែ ធ្នូ ឆ្នាំ១៩០៧​កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្ត គឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​​និង ខេត្ត​សិរី​សោ​ភ័យ ។

-នៅ​ឆ្នាំ​ ១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សារ​ជា​ថ្មី​អោយ​ទៅ ជា​ខេត្ត​បាត់ដំបង មាន​ស្រុក​២​គឺ​ខេត្ត​បាត់​ដំបង​ ខេត្ត​សៀមរាប ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុក​២ គឺ​ស្រុក​បាត់​ដំបង និង ស្រុក​សិ​រីសោ​​ភ័ណ្ឌ ។ នៅ​ឆ្នាំ​១៩៤០ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ​ស្រុក​មោង​ឬ​ស្សី​ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុក​សិរីសោ​ភ័ណ និង​ស្រុក​បិ​ត្បូង។

-នៅ​ខែ​ឧសភា​ ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ ។ នៅ​ខែ​កក្តដា​ឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ស្រុក​ព្រះនេត​ព្រះ​និង​ ស្រុក​ភ្នំ​ស្រុក ។​ស្រុក​សិរី​សោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មា។​ នៅ​ខែ​មិនា​ ឆ្នាំ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ នៅ​ខែ​កក្តដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឬស្សី​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ ក្រឡ ។ នៅ​ខែ​មិនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំង ​នៅ​ថ្ម​ពួក ។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មា​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឲ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី ។

-នៅ ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡ និង​តំបន់ ​រដ្ឋបាល​ចំនួន​២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​និង​តំបន់​រដ្ឋ​បាល​ល្វា ។ ក្នុង​របប​​វាល​ពិ​ឃាត ៣ ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤ និង​ តំបន់​៥ ។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង-ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​-​ស្រុកមោង​ឬស្សី​-​ស្រុក​៤១​-​ស្រុក​៤២ ។ល។

-ខេ​ ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ ​ ថ្ងៃ​ទី១៣ ខែ មករា ឆ្នាំ​១៩៧៩ ។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​) ។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ ឆ្នាំ​១៩៨៣ ។ ពី​ឆ្នាំ​១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១ ។

-នៅ​ឆ្នាំ ​១៩៨៦ ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​-​ស្រុក​បវេល​និង ​ស្រុកឯ​កភ្នំ ។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន ១២​ស្រុក​និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី-​ស្រុក​សង្កែ​ស្រុក​បាណន់-​ ស្រុកឯក​ភ្នំ-​ស្រុក​បាត់ដំបង-ស្រុក​រតន​មណ្ឌ​​ស្រុក​មង្គល​បុរី​-ស្រុក​ សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ-​ស្រុកថ្មពួក​-​ស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​ ។

-នៅ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​-​ស្រុក​ថ្ម​ពួក​-​ស្រុក​សិរី​សោ​ភ័ណ​- ស្រុក​ព្រះ​នេត​ព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០ ។

-ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ ។ ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង ​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​ ៤៧ ។

-នៅ​ឆ្នាំ​១៩៩៨ ក្រោយ​សមា​ហរណ​កម្ម​កំលាំង​កម្ពុជា​ប្រជា​ធិប​តេយ្យ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ក្រុង​ ​ប៉ៃលិន​ហើយ​ស្រុក​ចំនួន​៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ស្រុក​សំឡូត-ស្រុក​កំរៀង​ស្រុក​ភ្នំ​ព្រឹក​និង​ ស្រុក​សំពៅ​លូន​។
-នៅ​ឆ្នាំ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ ក្រឡ​ដែល​មាន​៦​ឃុំ ។ ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​ ។ រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ ស្រុក​ថ្ម​គោល​វិញ ។

-នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2008 ស្រុកបាត់ដំបង បានប្តូរទៅជាក្រុងបាត់ដំបងចំនុះអោយខេត្តបាត់ដំបងវិញ ហើយឃុំទាំងអស់ក្នុងស្រុកបាត់ដំបង ប្តូរទៅជាសង្កាត់វិញ។ ចំនែកស្រុកមោងឬស្សីត្រូវកាត់ជាពីរ ដើម្បីបង្កើតស្រុកថ្មី គឺ ស្រុករុក្ខគិរី។



រក្សាសិទ្ធិ៖
ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top